ខ្ញុំមិនទាន់ច្បាស់ថាខ្ញុំជានរណា? ខ្ញុំមានន័យថា ខ្ញុំមិនដឹងថាជាអ្វី ក្នុងក្រុមមនុស្សស្រឡាញ់ភេទ ដូចគ្នា(LGBTIQ)។ ខ្ញុំនៅឆ្ញល់នៅឡើយ ខ្ញុំសួរខ្លួនឯងតែវាហាក់បីដូចជាមិនច្បាស់។
ខ្ញុំធ្លាប់ចាប់អារម្មណ៍មនុស្សស្រីដូចគ្នាកាលពីឆ្នាំ២០១៧ម្ដង។ ហើយពេលនោះខ្ញុំមិនបានចាប់ អារម្មណ៍ថាខ្ញុំចាប់អារម្មណ៍គាត់នោះទេ។ គាត់ជាមនុស្សស្រីដែលតែងខ្លួនជាប្រុស។ ខ្ញុំគិតថាប្រហែលជាខ្ញុំជា មនុស្សមិនប្រកាន់ក្រុមពួកគាត់បានជាខ្ញុំមានអារម្មណ៍ស្និតស្នាលជាមួយគាត់។ បីឆ្នាំក្រោយមក ខ្ញុំក៏ចាប់ អារម្មណ៍នឹងមនុស្សស្រីប្រភេទខាងលើទៀតហើយអារម្មណ៍គឺមិនខុសគ្នាទេ។ ខ្ញុំក៏ចាប់ផ្ដើមសួរខ្លួនឯងថានេះ ជាអារម្មណ៍អ្វី? តើខ្ញុំស្រឡាញ់ភេទដូចគ្នាមែនទេ? នៅថ្ងៃមួយ ខ្ញុំបានចាប់អារម្មណ៍ មនុស្សស្រីដែលមាន លក្ខណជាស្រីទូទៅទៀត។ ខ្ញុំកាន់តែឆ្ងល់ កាន់តែមិនច្បាស់នឹងខ្លួនឯង។ ហេ៎…ខ្ញុំក៏ធ្លាប់ចាប់អារម្មណ៍ ប្រុសដែរ បើគិតទៅគឺពីរនាក់ដែរគឺមុន និងចន្លោះពេលដែលខ្ញុំចាប់អារម្មណ៍មនុស្សស្រី។
មានការគិតជាច្រើនដែលបានកើតឡើងនៅក្នុងខួរក្បាលរបស់ខ្ញុំរាល់ពេលដែលខ្ញុំគិតពីការស្វែងរកខ្លួនឯងក្នុងរឿងស្នេហា។
ខ្ញុំគិតថា ខ្ញុំប្រហែលស្រឡាញ់មនុស្សប្រុស គ្រាន់តែខ្ញុំមិនបានកំណត់ក្រុមគោលដៅ ច្បាស់លាស់ ហាហា….គឺខ្ញុំគ្រាន់តែគិតថា ម្នាក់នោះជាមនុស្សស្រឡាញ់សុខភាព ស្រឡាញ់សង្គមជាតិ ស្មោះត្រង់ យល់ចិត្ត ជាដើម ខ្ញុំមិនដែលគិតដល់រូបរាង ភេទអីច្បាស់លាស់នោះទេ។ ណាមួយប្រហែលជាមិនទាន់ដល់ពេល វេលាដែលត្រូវជួបគ្នា។ មួយទៀតគឺ មកពីខ្ញុំជាមនុស្ស តែងតែបិទខ្លួនឯងនឹងរឿងស្នេហាតាំងពីតូច គឺតាំងពីនៅរៀនអនុវិទ្យាល័យ រហូតដល់មហាវិទ្យាល័យ គឺខ្ញុំផ្ដល់ អាទិភាពមករឿងរៀនជាធំ។
គំនិតមួយទៀតក៏បានកើតឡើង ខ្ញុំប្រហែលជាស្រឡាញ់ស្រីដូចគ្នា។ ខ្ញុំគិតថាកាលដែលខ្ញុំមិនបាន ចាប់អារម្មណ៍នឹងមនុស្សប្រុសណាម្នាក់ និងមិនទាន់មានស្នេហាប្រហែលមកពីខ្ញុំមិនបានស្រឡាញ់ប្រុស។ ហើយមូលហេតុដែលថាខ្ញុំមិនចង់មានស្នេហានៅក្នុងវ័យសិក្សាគឺគ្រាន់តែជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះទេព្រោះខ្ញុំជាមនុស្សមិនសូវជាខ្វល់ខ្វាយច្រើននឹងរឿងទាំងនោះ។ ប្រហែលមកពីខណៈពេលនោះខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំ ស្រឡាញ់ប្រុសទើបមិនបានចាប់អារម្មណ៍សួរនាំខ្លួនឯងច្រើន។ មួយវិញទៀតដោយសារ វាជារឿងទូទៅ ដែលគេបានកំណត់ ថាស្រីជាគូនឹងប្រុស។ ប៉ុន្តែបើទោះបីជាខ្ញុំបានបើកចិត្តទូលាយសម្រាប់ខ្លួនឯងដោយមិន ហាមជាដាច់ខាត ក៏ខ្ញុំនៅតែមិនមាន ហើយមិនចាប់អារម្មណ៍។ ហាហា….ប្រហែលជាខ្ញុំជាមួយមនុស្សភាគ តិចបំផុតក្នុងលោកដែលមិនចាប់អារម្មណ៍គ្រប់ប្រភេទមនុស្សហើយមើលទៅហាហា…..។
គំនិតផ្សេងទៀតក៏ចេញមក គឺខ្ញុំប្រហែលជាអាចស្រឡាញ់បានទាំងពីរភេទ មានន័យថាខ្ញុំ ស្រឡាញ់ ប្រុសក៏បាន ស្រីក៏បាន។ ព្រោះបើតាមការចាប់អារម្មណ៍គឺ ខ្ញុំធ្លាប់បានចាប់អារម្មណ៍ក្រុមមនុស្សពីរ ប្រភេទនេះ។ បើតាមជិវសាស្រ្ត ក្នុងភាពជាយុវវ័យគឺជាវ័យដែលអាចស្គាល់ខ្លួនឯងហើយដឹងថាខ្លួន ស្រឡាញ់ភេទ អ្វី ភាគច្រើនគឺអាយុ១៥ ១៦ ១៧ឆ្នាំ..។ តែខ្ញុំក៏មិនទាន់ចាស់ដែរ អាយុរបស់ខ្ញុំគឺ ២២ឆ្នាំតែខ្ញុំមិនទាន់ច្បាស់ទេ គ្រាន់តែខ្ញុំដឹងថាចេះមានអារម្មណ៍ មើលឃើញ មនុស្សស្រីតែងខ្លួនជាប្រុសនៅអាយុ ១៩ឆ្នាំ។
ការស្វែងរកខ្លួនឯង ខ្ញុំបានអានសៀវភៅនៃការរីកលូតលាស់របស់មនុស្សដែលគេនិយាយពីសែន ការ ចិញ្ចឹមថែទាំ និងឥទ្ធិពលបរិស្ថានជុំវិញខ្ញុំជាដើម។ ខ្ញុំក៏បាន មើលរឿង ស្ដាប់ និងអានករណីសិក្សារបស់អ្នក ស្រឡាញ់ភេទដូចគ្នាបន្ថែមទៀត។ បន្ទាប់ពីសិក្សា ហើយស្វែងរកព័ត៌មានទាំងនោះ គឺមើលទៅខ្ញុំប្រហែល ជាស្រឡាញ់បានទាំងពីរភេទ។ ប៉ុន្តែគេក៏បាននិយាយផងដែរថារោគសញ្ញា និងបទពិសោធន៍ទាំងនោះក៏ នៅតែមិនច្បាស់ ព្រមទាំងមិនអាច វិនិច្ឆ័យថាខ្ញុំស្រឡាញ់ទាំងពីរភេទ ឬក៏ភេទណាជាក់លាក់ដដែល។
ខ្ញុំជាមនុស្សដែលមិនចូលចិត្តចែករំលែកបញ្ហា ឬរឿងផ្ទាល់ខ្លួនទៅកាន់អ្នកដទៃនោះទេ។ បើទោះបីជា មនុស្សដែលស្និតស្នាលជាមួយខ្ញុំខ្លាំងក៏ដោយ។ ប៉ុន្តែថ្ងៃមួយ មានគេសួរខ្ញុំថា «តើខ្ញុំស្រឡាញ់ប្រុសឬស្រី?» តាមពិតទៅសំណួរនេះខ្ញុំត្រូវបានគេសួរច្រើននាក់ហើយតែខ្ញុំមិនខ្វល់។ តែមិនដឹងយ៉ាងម៉េចនៅថ្ងៃនោះ ខ្ញុំសួរ ខ្លួនឯងនូវសំណួរនោះ នៅតែឆ្លើយមិនចេញសោះ ហើយខ្ញុំនៅតែពិបាករកខ្លួនឯង។
ខ្ញុំក៏សម្រេចចិត្តស្វែងរក ជំនួយដោយចែករំលែករឿងរបស់ខ្ញុំទៅកាន់មិត្តភក្តិដែលជិតស្និតរបស់ខ្ញុំម្នាក់។ ខ្ញុំគិតថា គាត់ជាអ្នកធ្វើការក្នុង វិស័យសង្គមកិច្ចដូចគ្នា ដូចនេះប្រហែលជាគាត់អាចស្ដាប់ខ្ញុំដោយការយល់ចិត្ត និងមិនលំអៀងព្រោះក៏មានជំនាញអន្តរបុគ្គលដែរ។ ខណៈពេលដែលខ្ញុំកំពុងចែករំលែករួច មិត្តរបស់ខ្ញុំហាក់បី ដូចជាភ្ញាក់ផ្អើរ នៅពេលដែរខ្ញុំចែករំលែកទៅកាន់គាត់។ នៅពេលនោះ ខ្ញុំសង្កេតឃើញថា រាងកាយរបស់គាត់ រួញដោយរុញស្មាទាំងពីរឡើងលើទឹកមុខរបស់គាត់រៀងញញឹតៗ និងភ័យខ្លាច តែមិនមែនភ័យខ្លាចខ្ញុំស្រឡាញ់ គាត់ទេ តែហាក់បីដូចជាគាត់ខ្លាចថាខ្ញុំជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាមែនទែន ឬក៏ស្រឡាញ់បានទាំង ពីរភេទ។ ថ្ងៃក្រោយទៀត ខ្ញុំក៏សម្រេចចិត្តចែករំលែកជាមួយមិត្តភក្តិម្នាក់ទៀត គាត់ជាប្រុស។ ប្រតិកម្មរបស់គាត់ មិនខុសពីមិត្តមុននោះទេ ហើយគាត់ថែមទាំងនិយាយទៀតថា «ស្មីឯងស្រឡាញ់ប្រុសទៅ ខ្ញុំចង់ឲ្យមិត្តល្អ និងមានគ្រួសារ មានកូន»។ ពេលឮបែបនោះ ខ្ញុំក៏មិននិយាយអីទៀត តែគិតក្នុងចិត្តថា ហេតុអ្វីចាំតែធ្វើតាមគេ តាមមនុស្សក្រុមធំទើបល្អ? មានសុភមង្គល? មានកូនខ្លួនឯងទើបសុខ? ខ្ញុំមិនបានខឹងនឹងពួកគាត់ទេ តែបែរជាគិតក្នុងចិត្តបន្ថែមទៀតថា «ពួកគាត់ខ្វល់ខ្វាយពីខ្ញុំពេកហើយ។ ពួកគាត់មានប្រតិកម្មឆ្លើយតបតាម បែបជាមិត្ត ទាំងដែរពួកគាត់យល់ដឹង ពីបញ្ហា តម្រូវការ និងការទទួលស្គាល់របស់សង្គមចំពោះក្រុមមនុស្ស ស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែពួកគាត់ហាក់បីដូចជាពិបាកក្នុងការទទួលស្គាល់ភ្លាមៗបាននៅពេលដែលរឿង នោះកើតឡើងចំពោះមិត្តភក្តិខ្លួនឯង។ ខ្ញុំគិតថាប្រហែលដោយសារតែចំណងជាប់ជំពាក់ចិត្តនៃមិត្តភក្តិហើយ បានជាពួកគាត់មិនអាចស្ដាប់ខ្ញុំដោយនៅកណ្ដាលបែរជាមើលឃើញទៅម្ខាងដែលមនុស្សទូទៅគេមាន។
` ឆ្លង់កាត់បទពិសោធន៍ខាងលើមក ខ្ញុំគិតដល់ដំណោះស្រាយផ្សេងទៀតគឺ ខ្ញុំនឹងទៅរកសេវាគាំទ្រ ដើម្បីប្រឹក្សា និងរកខ្លួនឯងជាមួយអ្នកជំនាញដែលមានក្របសីលធម៌វិជ្ជាជីវច្បាស់លាស់ដែលអាចស្ដាប់ដោយ មិនលំអៀង។
ជាចុងក្រោយ ខ្ញុំមានអារម្មណ៍ធូរស្បើយខ្លះ ព្រោះបានប្រឈមមុខនឹងបញ្ហា ហើយក៏បានដោះស្រាយវារួចហើយដែរ។ បើទោះបី ដំណោះស្រាយនោះវានៅតែមិនអាចកាត់បន្ថយបានទាំងស្រុង ក៏ខ្ញុំមានផ្លូវដើរដែរហើយក៏ទទួលខុស ត្រូវចំពោះការសម្រេចចិត្តរបស់ខ្ញុំដែរ។
`